អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានលើកឡើងថា មិនថាមនុស្សប្រុសឬមនុស្សស្រីទេក្នុងមួយជីវិតគេមិនដែលមានមិត្តសម្លាញ់លើសពីម្នាក់ឬពីរនាក់ឡើយ ប៉ុន្តែបើមិត្តរាប់អានគឺមានច្រើន។
អ្នកឧកញ៉ា គួច ម៉េងលី បានពន្យល់ថា មិត្តសម្លាញ់ គឺជាមនុស្សដែលជាទីស្រឡាញ់ស្និទ្ធស្នាល ជិតដិត អាចទុកចិត្តបាន និងអាចពឹងពាក់បាន។ ចំណែកមិត្តរាប់អាន គឺជាមនុស្សដែលអ្នកស្គាល់ឬរាប់អានធម្មតាៗ មិនជិតស្និទ្ធ មិនអាចពឹងពាក់បាន។ ឧទាហរណ៍នៅពេលអ្នកឈឺ គេតែងតែមកសួរសុខទុក្ខអ្នក។ នៅពេលអ្នកពិបាកចិត្ត គេតែងតែលើកទឹកចិត្តអ្នក។ នៅពេលអ្នកមានបញ្ហា គេតែងតែជួយរកដំណោះស្រាយឱ្យអ្នក។ នៅពេលអ្នកត្រូវការជំនួយ គេតែងតែផ្ដល់ជំនួយដល់អ្នក។ នៅពេលអ្នកធ្លាក់ខ្លួន គេមិនបោះបង់អ្នកចោល។ អ្វីៗដែលគេផ្ដល់ឱ្យអ្នក គឺគេផ្ដល់ដោយសុទ្ធចិត្ត។
ចំណែកមិត្តរាប់អាន គឺជាមនុស្សដែលអ្នកស្គាល់ឬរាប់អានធម្មតាៗ មិនជិតស្និទ្ធ មិនអាចពឹងពាក់បាន។ មិត្តរាប់អានភាគច្រើន ពួកគេមានពេលវេលានៅជាមួយអ្នកតែពេលអ្នកថ្កុំថ្កើង មានជោគមានជ័យ និងមានស៊ីមានផឹកតែប៉ុណ្ណោះ។ មនុស្សបែបនេះ នៅពេលអ្នកមានបញ្ហាឬត្រូវការជំនួយ គេតែងតែនៅឆ្ងាយពីអ្នក មិនខ្វល់ពីអ្នក។
ដូច្នេះ ក្នុងមួយជីវិតយើងមានមិត្តសម្លាញ់ត្រឹមតែម្នាក់ឬពីរនាក់គឺគ្រប់គ្រាន់ហើយ។ នៅពេលអ្នករកបានមិត្តសម្លាញ់ក្នុងជីវិតហើយ ចូររក្សាចំណងមិត្តភាពជាមួយគេឱ្យបានយូរអង្វែង។ ដើម្បីរក្សាមិត្តភាពជាមួយគេបានយូរអង្វែង អ្នកត្រូវចេះខ្វល់ខ្វាយពីគេ យកចិត្តទុកដាក់ចំពោះគេ និងចេះជួយគេវិញផងដែរ។ ជាពិសេស ដាច់ខាតកុំធ្វើជាអ្នកដែលចាំតែទទួលជំនួយពីគេ តែត្រូវធ្វើខ្លួនជាអ្នកផ្ដល់ជំនួយឱ្យគេវិញផងដែរ៕





