កម្ពុជា ស្នើADB ឲ្យបន្តវិនិយោគ​បន្ថែម​លើវិស័យគ្រប់គ្រង​ធនធាន​ទឹក និងឧតុនិយម

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ឲ្យបន្តការវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និង​ហានិភ័យនៃគ្រោះធម្មជាតិនានា ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ថោ ជេដ្ឋា ក៏បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើការកែលម្អផែនការរយៈពេលវែង ដើម្បីឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ​អរគុណចំពោះការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍនិងការរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ឆ្លើយតបទៅនឹងគោលនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងជំនួបនេះ លោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក និងបានប​ញ្ជាក់​ពីការពង្រីក​បន្ថែមទុនវិនិយោគរយៈពេលពីរឆ្នាំទៀតរបស់ធនាគារADB លើគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម(IAIP) ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្ត និងពង្រីកលើសមត្ថភាពក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក។

សូមបញ្ជាក់ថា ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ដែលគ្រោងបញ្ចប់ប្រតិបត្តិការក្នុងឆ្នាំ២០២៥ នឹងត្រូវបន្តរយៈពេលអនុវត្ត ២ឆ្នាំបន្ថែមទៀត ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមបង្កើនការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តក្នុងខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តកំពង់ធំ និងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ប្រកបដោយស័ក្តិសិទ្ធិភាពនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC)៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment