រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយជាតិ ពីការទប់ស្កាត់ ទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Centers) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា។ នេះគឺជាការគូសបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២៦ នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលបានអនុវត្តរបៀបវារៈកែទម្រង់ ដែលគាំទ្រដល់ធុរកិច្ច និងការវិនិយោគ ដោយផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពប្រកួតប្រជែង ដូចជា ការលើកលែងពន្ធរហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាព ។ កម្ពុជាក៏ផ្តល់ជូននូវស្ថិរភាព, ការគាំទ្រផ្នែកច្បាប់, និងទីតាំងយុទ្ធសាស្ត្រ ដើម្បីធានាភាពជោគជ័យរបស់ធុរជន និងវិនិយោគិនទាំងអស់។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសរំលេចថារាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស និង បានធ្វើឌីជីថលូបនីយកម្មឱ្យកាន់តែពេញលេញនូវបរិយាកាសគតិយុត្ត និង នីតិវិធី ។ កម្ពុជាប្តេជ្ញាចិត្ត ចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និង បង្កើនល្បឿនទៅកាន់ទីផ្សារឱ្យបានជាអតិបរមា ។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ក៏បានលើកឡើងដែរថា នៅឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង៥ ភាគរយ ដែលឆ្លុះបញ្ចាំងមិនត្រឹមតែការស្ដារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកតម្លៃខ្ពស់ និងភាពធន់កាន់តែខ្លាំងជាងមុន។
អ្នកឧកញ៉ា បន្ថែមថា កម្ពុជា ក៏កំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០,១ ពាន់លានដុល្លារអាមេរិក ដែលផ្តល់អាទិភាពដល់ការធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដៅបន្ទាត់ក្រហម ក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ឲ្យអស់ត្រឹមអំឡុងខែមេសា ឆ្នាំ២០២៦នៅទូទាំងប្រទេស តាមរយៈប្រតិបត្តិការបោសសម្អាតខ្នាតធំ ដែលហៅថាប្រតិបត្តិការខ្នាត «XXL» ។ រាជរដ្ឋាភិបាល ក៏ព្រមានដែរ ប្រសិនជានៅតាមបណ្តារាជ ធានីខេត្តណា ត្រូវបានរកឃើញមានទីតាំងប្រព្រឹត្តិបទលើ្មសឆបោកតាមអនឡាញ មន្ត្រីគ្រប់គ្រងរាជធានី ខេត្តនោះ គឺត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋាភិបាល។



