កម្ពុជាបានដាក់គោលដៅផលិតធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលឱ្យបានយ៉ាងតិច១០ម៉ឺននាក់ ក្នុងរយៈពេល១០ឆ្នាំ ដោយមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានឧត្តមសិក្សា ។
ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ កាលពីខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ដើម្បីសម្រេចបានគោលដៅនេះ កម្មវិធីជាច្រើនពាក់ព័ន្ធ នឹងការអភិវឌ្ឍធនធានមនុស្ស ត្រូវបានដាក់ចេញដោយក្រសួង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដូជាការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការផ្តល់អាហារូបករណ៍ ទេពកោសល្យឌីជីថលតេជោ ការកៀរគរនិងបណ្តុះបណ្ដាលអ្នកបច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្ត្រី បានបលើកឡើងទៀតថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នឹងបន្តយកចិត្តទុកដាក់ជំរុញការយល់ដឹង ជាសាធារណៈអំពីសារៈប្រយោជន៍និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា ជំរុញកំណើនអក្ខរកម្មឌីជីថល និងបណ្តុះបណ្តាលសិស្សឱ្យយល់ដឹងនិងចេះប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា ដើម្បីក្លាយជា“ពលរដ្ឋឌីជីថល”។
គួរបញ្ជាក់ថា នៅក្នុង«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» របស់រាជរដ្ឋាភិបាល អាណត្តិទី៧បានប្រកាសដាក់ឱ្យអនុវត្ត ដោយបានកំណត់អាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ, «បច្ចេកវិទ្យា» គឺជា អាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ៕





