រយៈពេល១១ខែនៃអាណត្តិទី៧ កម្ពុជាបាន​អនុម័តគម្រោងវិនិយោគ​បានចំនួន៣៣៨គម្រោង

ក្នុងរយៈពេល១១ខែ នៃអាណត្តិទី៧ កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៣៨គម្រោង ក្រោមទុនវិនិយោគជាង ៦ពាន់លានដុល្លារ ។ ចំនួននេះ បានកើនឡើង២២០% ដែលបង្ហាញឲ្យឃើញពីលទ្ធផលនៃខិតខំប្រឹងប្រែង របស់ថ្នាក់នាំក្នុងការដើរទាក់ម៉ូយ នៅតាមបណ្តាប្រទេសនានា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ​នៅ​​ក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល​ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ស៊ុន​ ចាន់ថុល បញ្ជាក់ទៀតថា បើធៀបនឹងរយៈពេល១១ខែដូចគ្នា ក្នុងអាណត្តិមុន គម្រោងវិនិយោគក្នុងអាណត្តិថ្មីនេះ បានកើនឡើងចំនួន ១៥១គម្រោង ដោយមានត្រឹមតែ១៨៧គម្រោង ​ខណៈទុនវិនិយោគបានកើនឡើងពី ២ពាន់លានដុល្លារដល់ ៦ពាន់លានដុល្លារ ។ ​លទ្ធផលនេះបានបង្ហាញថា អ្នកវិនិយោគនៅតែមានការទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគនៅកូរ៉េ នៅជប៉ុន បារាំង ស្វីស អូស្រ្តាលី អេស្ប៉ាញ អាល្លឺម៉ង់ ចិនជាដើម។

ជាមួយគ្នានេះ ឯកឧត្តម បានបង្ហើបឱ្យដឹងថា នៅខែក្រោយនេះ ឯកឧត្តមនឹងបន្តទៅ​ចិន សហរដ្ឋអាមេរិក អឺរ៉ុប និងមជ្ឈឹមបូព៌ា បន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ពីបណ្តាប្រទេសទាំងនោះ ឱ្យមកបណ្តាក់ទុននៅកម្ពុជា​។

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment