ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការបណ្តុះបណ្តាលនិស្សិត ប្រកបដោយគុណភាព និងសមត្ថភាព ជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស និងលើកស្ទួយវិស័យអប់រំ កម្រិតឧត្តមសិក្សានៅកម្ពុជា។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដី និងអភិរក្ស ចំនួន៣៧៧នាក់ នៅសាកលវិទ្យាល័យអន្តរជាតិ (IU) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីក្លាយទៅជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ហើយការអប់រំគ្រប់រូបភាព ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនមែនផ្លូវការ ជាមធ្យោបាយស័ក្ដិសិទ្ធិ ក្នុងការធានាឲ្យមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ បានប្រកាសឲ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលមានអាទិភាពគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
រាជរដ្ឋាភិបាល កំពុងវិនិយោគលើធនធានមនុស្ស តាមរយៈដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ដោយបង្កើនគុណភាពអប់រំជាដើម ដើម្បីឲ្យធនធានមនុស្ស មានចំណេះដឹងសមត្ថភាពជំនាញ សុខភាពល្អ និងមានសមត្ថភាពចូលរួមក្នុងការកសាងមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដោយផ្អែកលើចំណេះដឹង រុញកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ៕





