សុវត្ថិភាពម្ហូបអាហារ នៅតែជាវិបត្តិសកលដ៏សំខាន់ ដែលបានបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ប្រសិនបើមនុស្សបរិភោគអាហារមានសុវត្ថិភាព នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព សុខុមាលភាព និងជីវភាពរស់នៅ។
នៅក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ឆ្នាំ២០២៤ នាថ្ងៃទី២១ ខែសីហា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ បានបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប ហើយការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកត្តាស្នូល ដែលនាំឆ្ពោះទៅរកនិរន្តរភាពប្រព័ន្ធស្បៀង និងការអភិវឌ្ឍធនធានមនុស្ស ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ យុវជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធស្បៀង ដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងបញ្ជ្រាបបញ្ហាសុវត្ថិភាពម្ហូបអាហារនេះទៅក្នុងគោលនយោបាយសុខភាពសាធារណៈ ក្នុងគោលបំណងកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺឆ្លងតាមម្ហូបអាហារ ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ថា នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងជាសាកល ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក គ្រោះថ្នាក់នៃសុវត្ថិភាពម្ហូបអាហារអាចកើនឡើងយ៉ាងឆាប់រហ័សពីកម្រិតមូលដ្ឋានទៅជាវិបត្តិអន្តរជាតិ ដែលតម្រូវឱ្យមានការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ជាងពេលណាទាំងអស់។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដោយគ្របដណ្ដប់គ្រប់ដំណាក់កាលនៃខ្សែច្រវាក់ម្ហូបអាហារ គិតរាប់ចាប់ពីអ្នកផលិតរហូតដល់អ្នកប្រើប្រាស់ និងស្ថាប័នត្រួតពិនិត្យ។
គួរបញ្ជាក់ថា អាហារកខ្វក់ដែលមានមេរោគបានចម្លងជំងឺដល់មនុស្សប្រមាណ៦០០លាននាក់ជារៀងរាល់ឆ្នាំ ដោយបានធ្វើឱ្យអត្រាមរណភាពកើនដល់៤២ម៉ឺននាក់នៅទូទាំងពិភពលោក និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រមាណជាង១០០ពាន់លានដុល្លារ ជាពិសេសនៅតាមបណ្ដាប្រទេសចំណូលទាប និងមធ្យម ៕






