គម្រោង​វិនិយោគជិត៤០០គម្រោង ត្រូវបាន​អនុម័ត​ដោយក្រុម​ប្រឹក្សាអភិវឌ្ឍន៍ក​ម្ពុជា ក្នុងរយៈ​ពេល​១ឆ្នាំ​នៃរាជ​រដ្ឋាភិបាល​អាណត្តិទី៧

គម្រោងវិនិយោគចំនួនជិត៤០០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័ត នៅក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ ពោលគឺគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និង គម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣០គម្រោង។

ជារួមក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅប្រមាណ ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។

ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

គួរបញ្ជាក់ជូនផងដែរថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគ ក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុនវិនិយោគសរុប៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment