ព្រះរាជពិធីបុណ្យអុំទូក ៣​ថ្ងៃនៅភ្នំពេញ​ បានបិទបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ ខណៈ​មហាជន​​ចូលរួមមាន​​ប្រមាណ​ជាង ៦លាននាក់​

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ,១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដំណើរទៅដោយរលូន​ និងបានបិទបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ ជាមួយនឹងការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ​ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី​ ។

បើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានមហាជន​ប្រមាណជាង៦លាន​នាក់ បានមកចូលរួមដើរលេងកម្សាន្ត ទស្សនា ការប្រណាំងទូក បណ្ដែតប្រទីប និងបាញ់កាំជ្រួចនៅរាជធានីភ្នំពេញ។ ក្នុងនោះនៅថ្ងៃទី១មានមហាជនចូលរួមជាង១លាន១សែននាក់, នៅថ្ងៃទី២ មានប្រមាណជាង២លាន២សែននាក់ និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង២លាន៩សែននាក់ ។

ដោយឡែកសម្រាប់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ទូទៅវិញ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា មានភាពល្អប្រសើរ ពោលគឺមិនមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

ជាមួយគ្នានេះ នៅលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា ក៏បានលើកឡើងដែរថា ភាពជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ​ អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ​ បង្កលក្ខណ:គ្រប់បែបយ៉ាង​ ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបន្តថា៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់​ សូមអរគុណដល់ក្រុមការងារ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ​ខ្ពស់​ ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាព​ល្អប្រណិត ។»

ទន្ទឹងគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី​ ក៏អរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ​ សិល្បៈ​ការិនីទាំងអស់​ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ​ និងការរាំលេងកម្សាន្ដគ្រប់ទីកន្លែងជូនដល់មហាជន​ ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកងផងដែរ ។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានប្រព្រឹត្តនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដោយមានទូកងទូកមួងចូលរួមប្រកួតសរុប ៣៤៦ទូក និងមានកីឡាករ កីឡាការិនី ប្រមាណជាង២ម៉ឺននាក់៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment