រាជរដ្ឋាភិបាល បានសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products – DGPs) ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចំនួន៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល ។ ថ្នាលនិងកម្មវិធីទាំង៤នោះ មានដូចជា៖ ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH, ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH ,ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH និងកម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា «SARIKA»។
យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា ការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs)ទាំង៤ឡើង ដើម្បីជំរុញការចាប់យកឌីជីថលក្នុងការផ្តល់សេវាសាធារណៈនិងការបង្កើនប្រសិទ្ធភាពការងារ ជំរុញឱ្យមានការចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេស អាចបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទៅមកលើសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ស្របតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២- ២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ សម្រាប់ឆ្លើយតបទៅនឹងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។
គួរបញ្ជាក់ថា ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ នេះត្រូវបានត្រួតពិនិត្យ អនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ផ្ទាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេស តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿ ទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ៕






