ក្នុងជំនួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន DP World មកពីអេមីរាត់អារ៉ាប់រួម បានធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ឲ្យពិចារណាវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល នៅកម្ពុជា។
ការលើកទឹកចិត្តរបស់សម្តេចបវរធិបតីបែបនេះ ជាការឆ្លើយតបទៅនឹងបំណងរបស់ក្រុមហ៊ុនដែលចង់វិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សា និងធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីឲ្យការវិនិយោគរបស់ក្រុមហ៊ុនលេចចេញជារូបរាងឡើង។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ។ ដោយឡែក គោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក៏មានការគាំទ្រដល់ការវិនិយោគផងដែរ។
ទន្ទឹមគ្នានេះ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ក៏បានបញ្ជាក់ដែរថា ការណ៍ដែលក្រុមហ៊ុនចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម ដោយសារប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់ និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក៕






