ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០% ។ ការកើនឡើងនេះ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងដំណើរចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ឌិត ទីណា បានបន្តថា សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផលបានត្រឹមត្រូវ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និងបងប្អូនប្រជានេសាទផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ផ្តល់នូវអាហារូបត្ថម្ភដែលមានជីវជាតិគ្រប់គ្រាន់។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល ប្រេីប្រាស់ឧបករណ៍ស្របច្បាប់ និងនេសាទតាមច្បាប់កំណត់ ដើម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ៕










