អ្នកឧកញ៉ា សួរ វីរៈ ប្រកាសរកអ្នកជំនាញបង្រៀន​​ពលរដ្ឋនៅស​ហគមន៍កោះ​ស្តេច ធ្វើវត្ថុ​អនុស្សាវ​រីយ៍​​លក់ឲ្យ​ភ្ញៀ​វទេ​ស​ចរ ដើម្បីបង្កើត​ចំណូល​បន្ថែម

បន្ទាប់ពីបានបង្ហាមហិច្ឆតាប្រែក្លាយទឹកដីកោះស្តេច នៅក្នុងខេត្តកោះកុង ដែលធ្លាប់ស្ងាត់ជ្រងំ ទៅជាកូនទីក្រុងដ៏ទាក់ទាញបំផុតនៅកម្ពុជា កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រកាសរកអ្នកជំនាញ ដើម្បីបង្រៀនធ្វើវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍កោះស្តេច ហើយលក់ឲ្យភ្ញៀវទេសចរ។

តាមរយៈវីដេអូនៅលើបណ្តាញសង្គម អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរ ទៅលេងកោះស្តេចមានចំនួនកើនឡើងជារៀងរាល់ថ្ងៃ ហើយប្រជាពលរដ្ឋនៅលើកោះស្តេចភាគច្រើនមានមុខរបរជាអ្នកនេសាទ ដូចនេះអ្នកឧកញ៉ា ចង់ឲ្យប្រជាពលរដ្ឋមានជំនាញធ្វើវត្ថុអនុស្សាវរីយ៍ ច្នៃចេញពីសំបកសត្វសមុទ្រ ដូចជាខ្យង ងាវ ជាដើម លក់ឲ្យភ្ញៀវទេសចរ ដើម្បីរកចំណូលបន្ថែម។

គួររម្លឹកថា ក្រៅពីជាស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ ក៏ជាអ្នកជំនួញខ្មែរម្នាក់ដែលបានបោះទុនដ៏ច្រើនវិនិយោគនៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា។ កាលពីចុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងទេសចរណ៍ ក៏បានបង្ហាញការគាំទ្រចំពោះក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានបង្កើនគោលដៅដឹកជញ្ជូនភ្ញៀវទេសចរពីតំបន់កោះនៅប្រទេសវៀតណាម មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ។

គួរបញ្ជាក់ថា ទឹកដីកោះស្តេច នៅក្នុងខេត្តកោះកុង មានទេសភាពមិនចាញ់តំបន់ទេសចរណ៍នៅប្រទេសជិតខាងរបស់កម្ពុជានោះឡើយ ។ ទឹកដីកោះស្តេច មានទឹកសមុទ្រថ្លាឈ្វេង ឆ្នេរខ្សាច់សក្បុស តំបន់ស្ទួចត្រី កន្លែងជ្រមុជទឹកមើលផ្កាថ្ម ដ៏ស្រស់ស្អាត ដែលនៅមិនឆ្ងាយ​ពីតំបន់កោះកុងក្រៅ ដោយធ្វើដំណើរតាមទូកលឿនប្រហែល ៣០នាទីប៉ុណ្ណោះ៕

សូមទស្សនាប្រសាសន៍របស់អ្នកឧកញ៉ា សួរ វីរៈ ៖

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment