រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងស្ថាប័នទទួលខុសត្រូវ ក្នុងការប្រមូលបព័ត៌មាន និងទិន្នន័យ ដើម្បីធានាសុក្រឹតភាព ក្នុងការរៀបចំគោលនយោបាយ។ នេះជាគូសបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬអាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ «ការរៀបចំគោលនយោបាយ ត្រូវផ្អែកទៅលើសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រមូលនិងវិភាគទិន្នន័យច្បាស់លាស់ និងស្របទៅតាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ មិនមែនផ្អែកលើអារម្មណ៍នោះទេ»។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ជូនវិទ្យាស្ថាន បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ រួមមាន៖ ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និង ទី៣).បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ ជាដើម៕





