សម្តេចបវរធិ​​បតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពចំពោះផលិតផល​​រថយន្តដែល​​​ផលិត​នៅ​​​កម្ពុជា

ថ្លែងពីលើវេទិកាក្នុងពិធី “សម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាព ចំពោះផលិត​ផលរថ​យន្តដែល​ផលិត​បាននៅលើទឹកដីកម្ពុជា ខណៈដែលពីមុនកម្ពុជា​នាំចូលអ្វីទាំងអស់ ក្រោយមកផលិតនាំចេញ ឥលូវកម្ពុជាបានផលិត “Made in Cambodia” ជារថយន្ត ហើយមិនមែនរថយន្តធម្មតាទេ ជារថយន្តដែលមានលក្ខណៈទំនើប និងស្តង់ដាខ្ពស់កម្រិតអន្តរជាតិរបស់ក្រុមហ៊ុនពីអាម៉េរិក។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្នកម្ពុជា មានរោងចក្រដំឡើងរថយន្ដចំនួន៩ គឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦ និងនៅ​ខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣។ រោងចក្រដំឡើងរថយន្ដទាំងអស់នៅកម្ពុជា គឺប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រើប្រាស់រ៉ូម៉ូតដែលកូនខ្មែរជាអ្នកបញ្ជា មិនមែនក្រុមហ៊ុនប្រើប្រាស់កម្លាំងពលកម្មមកពីបរទេសទាំងអស់នោះទេ។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរ​ក្សាអ្នកចា​ស់ដែលបានវិនិយោគនៅកម្ពុជាឱ្យបានរីកចម្រើនទៅមុខបន្ថែមទៀត ជាមួយនឹងសុខសន្ដិភាព និងស្ថិរភាពដែលកម្ពុជាកំពុងមាន។ គ្មានអ្នកវិនិយោគណា មកវិនិយោគនៅប្រទេសដែលមានសង្រ្គាម ឬគ្មានស្ថិរភាពនោះឡើយ៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment