កម្ពុជា អាច​ផលិត​ស៊ីម៉ងត៍​​កើនដល់ ១១លានតោនក្នុង​មួយឆ្នាំ សម្រាប់​ផ្គត់ផ្គង់តម្រូវ​ការក្នុងស្រុក​និងនាំ​ចេញ

បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ ​មានលទ្ធភាព​ផលិតស៊ីម៉ងត៍ បានប្រមាណ១១លានតោនក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន១០០% និងបាននាំចេញទៅទីផ្សារក្រៅប្រទេស ។ ជាក់ស្តែងកាលពីឆ្នាំ២០២៤កន្លង ស៊ីម៉ងត៍កម្ពុជា បាននាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣ម៉ឺនតោន ផងដែរ។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីសម្ពោធបើកឲ្យដំណើររោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រោងចក្រផលិតស៊ីម៉ងត៍របស់ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) គឺជាក្រុមហ៊ុនវិនិយោគទី៦ បានបោះទុនបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ក្រោមទុនវិនិយោគប្រមាណ២៥០លានដុល្លារ និងមានសមត្ថភាពផលិតបានស៊ីម៉ងត៍ប្រមាណជាង២លានតោនក្នុង១ឆ្នាំ ។

ទន្ទឹមនឹងនេះសម្តេច បានបន្តថា  ឧស្សាហកម្មស៊ីម៉ងត៍ និងធនធានរ៉ែសំណង់ ជាផលិតផលមិនអាចខ្វះបាន បម្រើឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ស្ពាន ទំនប់ សំណង់សិល្បការ្យ អគារ ជាពិសេសបានចូលរួមចំណែកដល់ការសាងសង់លំនៅឋាន និងសំណង់នានា ដើម្បីបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងផលិតកម្មស៊ីម៉ងត៍នៅកម្ពុជា បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ដែរថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រចំនួន ៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋ សរុបប្រមាណ ៣ ០០០កន្លែង។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១ លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពី​ប្រទេសនាំចូលស៊ីម៉ងត៍១០០%ពីបរទេស ទៅជាប្រទេសមានលទ្ធភាព ផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេ​សថៃក្នុងបរិមាណប្រមាណ ជាង ៣០០០០តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោង​ទាំង៦នេះ នៅមានក្រុមហ៊ុនចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment