កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

កម្ពុជា និងសិង្ហបុរី បានប្ដេជ្ញាចិត្តបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ថាមពល ការពារជាតិ និងសន្តិសុខ បានក្លាយជាប្រធានបទដែល នាយក​រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ លើកយកមកពិភាក្សាដើម្បីបន្តពង្រឹងនិងពង្រីក នៅក្នុងជំនួបកាលពីនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ។

ឯកឧត្តម ឡរ៉េន វ៉ុង និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួប នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦

ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបរវាងឯកឧត្តម និងសម្ដេចធិបតី នាឱកាសនេះ សបញ្ជាក់អំពីភាពជិតស្និទ និងការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំង ការចូលជាធរមាន នាពេលថ្មីៗនេះ នៃពិធីសារទី២ ដើម្បីធ្វើវិសាធនកម្មលើកិច្ចព្រមព្រៀងស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល» ដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពី សន្តិសុខស្បៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះផងដែរ។

សម្ដេចធិបតី បានបង្ហាញ​សុទិដ្ឋិនិយមថា ប្រទេសទាំងពីរនឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់វិស័យបន្ថែមទៀត ក៏ដូចជាបន្តផ្សារភ្ជាប់ភាពជាដៃគូររវាងវិស័យ​ឯកជននៃប្រទេសទាំងពីរ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment