ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញ និងបង្កើនប្រសិទ្ធភាពការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ តាមរយៈការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្គត់ផ្គង់ទឹកស្អាត ការលើកកម្ពស់អនាម័យនៅជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ នៅក្នុងតំបន់គោលដៅទេសចរណ៍។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងដោយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ។

តាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ បានព្រមព្រៀងគ្នា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគូភាគី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅ តំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវគមនាគមន៍ជនបទប្រកបដោយភាពធន់ ការជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការជំរុញការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងភូមិគំរូ ព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ។
ក្រសួងទាំងពីរ ក៏បានព្រមព្រៀងគ្នា បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់ ប្រជាជននៅតំបន់ជនបទ និងភ្ញៀវទេសចរ សំដៅធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ និងផ្លាស់ប្តូរ និងចែករំលែកបទពិសោធ បច្ចេកទេស និងព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ និង ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍតាមបែបសហថាមពល និងប្រើប្រាស់ធនធានដែលមានស្រាប់ ឱ្យអស់លទ្ធភាពផងដែរ។
គួរជម្រាបជូនថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាដែលមានសុពលភាពរយៈពេល ៥ឆ្នាំ នឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការធ្វើពិពិធកម្មគោលដៅទេសចរណ៍ ដែលជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕





