យូនីសេហ្វ ប្ដេជ្ញាបន្តជួយស​ង្គ្រោះកុមា​រកម្ពុជាដែ​លកំពុងបាត់បង់ជម្រក​ដោយសារជម្លោះព្រំដែន

អង្គការយូនីហ្វេស (UNICEF) បានប្ដេជ្ញារួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា បន្តជួយសង្គ្រោះដល់កុមារកម្ពុជា ជាពិសេសកុមាររងគ្រោះដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកុមារ​ទាំងអស់នោះ បានបន្តភៀសសឹក និងបាត់បង់​ជម្រក ដោយសារកងទ័ពថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធផ្ទះសម្បែងជាដើម។

ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមមូលបទ“រួមគ្នាដើម្បីកុមារគ្រប់រូប” ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត វីល ផាកស៍ នាយកយូនី​សេហ្វប្រចាំកម្ពុជា បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបាន​ជួប​នូវវិបត្តិជម្លោះព្រំដែន ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានភៀសសឹក ចាក់ចោលលំនៅដ្ឋាន ក្នុងនោះក៏មានកុមារជាច្រើនម៉ឺននាក់ បានបាត់បង់ទីជម្រក មិនបានសិក្សា រស់នៅ​ដោយលំបាក​ក្នុងដំបូលតង់ ។ ដូចនេះហើយអង្គការយូនីសេហ្វ ក៏បានចូលរួមជួយពួកគេ តាមរយៈសកម្មភាពផ្សេងៗ មានការផ្ដល់ជំនួយ ខណៈកុមារបន្តភៀសសឹក អង្គការនឹងបន្តជួយពួកគេបន្ថែមទៀត ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានលើកឡើងដែរថា សន្តិភាព និងស្ថិរភាព គឺជាគ្រឹះយ៉ាងសំខាន់បំផុតសម្រាប់សុខុមាលភាពកុមារគ្រប់ៗរូប ។ ជាក់ស្តែង ផលវិបាកនៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមក ដែលបាន​នាំឱ្យកុមារកម្ពុជាជាច្រើន ត្រូវព្រាត់គ្រួសារ បាត់បង់លំនៅឋាន សាលារៀន សេវាសាធារណៈនានា ដែលនាំឱ្យឱកាសរស់របស់កុមាររងគ្រោះធ្លាក់ចុះយ៉ាងដុនដាប ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ អំពើហិង្សាលើកុមារ ការរំលោភបំពានផ្លូវភេទកុមារ ទប់ស្កាត់ឱ្យបាននូវការកេងប្រវ័ញ្ចលើកុមារ ជាពិសេសគឺពលកម្មកុមារ និងត្រូវធានាថា កុមារគ្រប់ៗរូបទទួលបានការថែទាំ សុវត្ថិភាព ក្តីសង្ឃឹម និងឱកាសស្មើៗគ្នា ។

ដោយឡែក ក្នុងនាមជាទូតសុឆន្ទៈរបស់អង្គការយូនីសេហ្វ តារាសម្តែង កញ្ញា ស៊ីន យូប៊ីន បានប្ដេជ្ញាប្រើសំឡេងរបស់ខ្លួន ក្នុងការប្រាប់ទៅកាន់ពិភពលោក ពីទុក្ខលំបាករបស់កុមារកម្ពុជា ដែលជាដំបូងផ្ដោតសំខាន់ទៅលើកុមារភៀសសឹក ហើយយករាល់វេទិកា ឬកម្មវិធីដែលកម្ពុជា បានចូលរួម គឺនិយាយពីអ្វី ដើម្បីផ្ដល់ជាប្រយោជន៍ដល់កុមារកម្ពុជា ។

គួរបញ្ជាក់ថា តាមរបាយការណ៍ដែលកត់ត្រាដោយក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកដោយសារសង្រ្គាមឈ្លានពានរបស់ថៃ សរុបជាង៦សែន៤ម៉ឺននាក់ គឺមានជិត ៦សែន២ម៉ឺននាក់ ឬ ស្មើនឹងជាង៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ខណៈពលរដ្ឋចំនួនជិត៣ម៉ឺននាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញបាន ក្នុងនោះក៏មាន ស្ត្រីចំនួនជាង១ម៉ឺន៥ពាន់នាក់ និងកុមារជាង១ម៉ឺននាក់៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment