កម្ពុជា ចាត់ទុកការពង្រឹងសមត្ថភាពនវានុវត្តន៍រប​ស់សហគ្រាស គឺជាកា​លានុវត្ត​ភាពថ្មី​ ដើម្បីជំរុញកំ​ណើនសេដ្ឋកិច្ច

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការពង្រឹងសមត្ថភាពនវានុវត្តន៍របស់សហគ្រាស គឺជាកាលានុវត្តភាពដ៏សំខាន់ថ្មីមួយដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ដោយធ្វើឱ្យប្រសើរឡើងនូវលំដាប់ពិន្ទុរបស់កម្ពុជាក្នុងសន្ទស្សន៍នវានុវត្តន៍សកល។

វឌ្ឍនភាពនេះនឹង​ផ្តល់ជាឧត្តម​ប្រយោជន៍​សម្រាប់ការរីកចម្រើនសង្គម-សេដ្ឋកិច្ច​ប្រកប​ដោយចីរភាព និងបរិយាបន្ន សម្រាប់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។ នវានុវត្តន៍ជាស្នូលនៃនិម្មាបនកម្មបៃតង ក្នុងការបង្កើនប្រសិទ្ធភាពធនធាន និងកាត់បន្ថយការប្រើប្រាស់ធនធានកម្រផ្សេងៗ។ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់ផលិតភាព និងបង្កើតប្រាក់ចំណូលផងដែរ។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានលើកឡើងដែរថា កម្ពុជាមានសក្តានុពលក្នុងការប្រែក្លាយជាសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍ ដែលគាំទ្រដោយប្រជាជនវ័យក្មេង និងស្វាហាប់ កំណើនយ៉ាងឆាប់រហ័សនៃការតភ្ជាប់ផ្នែកឌីជីថល និងលទ្ធភាពក្នុងការចាប់យកបច្ចេកវិទ្យា ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បរិវត្តកម្មសេដ្ឋកិច្ច។

គោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជាត្រូវបានរៀបចំឡើង ក្រោមការគាំទ្រពីគម្រោង CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ។ គោលការណ៍ណែនាំនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីខែសីហា ឆ្នាំ២០២៤ ដោយផ្តល់ជាក្របខ័ណ្ឌជាក់លាក់ និងច្បាស់លាស់មួយស្របតាមស្តង់ដាអន្តរជាតិ ក្នុងការវាយតម្លៃ និងជំរុញនវានុវត្តន៍របស់សហគ្រាសគ្រប់ទំហំនៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់ថា នៅពេលដែលសន្ទស្សន៍នវានុវត្តន៍កាន់តែប្រសើរ ប្រទេសមួយអាចជាទិសដៅអំណោយផលកាន់តែខ្លាំងសម្រាប់ទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេស។បច្ចេកវិទ្យា និងនវានុវត្តន៍អាចបង្កើតការងារ និងឧស្សាហកម្មថ្មីៗ ដោយបង្កើនប្រសិទ្ធិភាព ផលិតភាព និងប្រាក់ចំណេញនៅក្នុងវិស័យផ្សេងៗ។

ការបង្កើតសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡស៊ីនវានុវត្តន៍ឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ជាតិ និងបំណងប្រាថ្នារបស់ប្រជាជន។ តាមរយៈ​ការ​វាយតម្លៃលើធាតុចូល និងធាតុចេញ សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នឹងផ្តល់ទស្សនាទានសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងការកសាងភាពធន់ សំដៅធានាបាននូវអភិបាលកិច្ចរឹងមាំ បង្កើនល្បឿនឧស្សាហូបនីយកម្ម និងពិពិធកម្មសេដ្ឋកិច្ច។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment