កម្ពុជា ស្វាគមន៍កូនផ្សោតកើតថ្មី មួយក្បាល នៅខេត្តក្រចេះ

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាលហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១១ក្បាល។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់ឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែង និងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេ។

គួរបញ្ជាក់ថា ផ្សោតទឹកសាប ជាថនិកសត្វមួយប្រភេទ ដែលមានដោយកម្រនៅលើពិភពលោក ហើយនៅព្រះរាជាណាចក្រកម្ពុជា មានផ្សោតទឹកសាបមួយប្រភេទ ដែលមានឈ្មោះថា ផ្សោតក្បាលត្រឡោក ឬផ្សោតទន្លេមេគង្គ ហើយឈ្មោះជាភាសាអង់គ្លេសគឺ Irrawaddy Dolphin និងមានឈ្មោះវិទ្យាសាស្ត្រថា Orcaella Brevirostris ។ សព្វថ្ងៃមានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ហើយកម្ពុជា​ជាប្រទេសដែលមាន​ផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុងខេត្តក្រចេះ។

ជាទូទៅផ្សោតអាចមានជីវិតរស់នៅក្នុងរង្វង់ពី ២៧ ទៅ ៣០ឆ្នាំ ហើយអាចបន្តពូជបាននៅពេលដែលមានអាយុពី ៧ ទៅ៩ឆ្នាំ។ ផ្សោតញីពរពោះរយៈពេល១៤ខែ ដោយកើតម្តងបានកូនតែមួយក្បាលប៉ុណ្ណោះនោះទេ ហើយ​ផ្សោត​អាច​ផ្តល់កំណើតម្តងទៀតក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងនោះកូនផ្សោតដែលបានកើតមកភ្លាម អាចមានប្រវែង១ម៉ែត្រ និងមានទម្ងន់ប្រមាណ ១០គីឡូក្រាម ហើយបៅដោះមេវាក្នុងរយៈពេល២ឆ្នាំដំបូង។

ផ្សោតទឹកសាប ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែង ដែលកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment