យោងតាមអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរដូវពងកូនឆ្នាំ២០២៦នេះ អណ្ដើកហ្លួង ដែលជាឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា ទទួលបានកូនទើបញាស់ចំនួន៤០ក្បាល ។ កូនអណ្តើកហ្លួងទាំង៤០ ក្បាលនេះ បានញាស់ចេញពីពងអណ្តើកហ្លួងចំនួន៥០គ្រាប់ នៃសម្បុកពងកូនចំនួនបី ដែលក្រុមការងារបានស្រាវជ្រាវរកឃើញតាមប្រព័័ន្ធព្រែកស្រែអំបិលក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានចាត់ទុកកូនអណ្ដើកហ្លួងទើបញាស់នេះ ជាសមិទ្ធផលជាទីមោទនៈបំផុតរបស់ប្រទេសកម្ពុជា ដែលក្រុមអភិរក្សសត្វអណ្តើកហ្លួងសម្រេចបានក្នុងឆ្នាំនេះ ក្រោមការដឹកនាំដោយនាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។
ការទទួលបានពងកូនក្នុងឆ្នាំ២០២៦នេះ ជាក្តីសង្ឃឹមបន្ថែមទៀតសម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជបំផុត ខណៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅ ក្រុមការងារអភិរក្សមិនបានប្រទះឃើញទាល់តែសោះនូវស្លាកស្នាមឬវត្តមានសម្បុកពងកូនរបស់អណ្តើកហ្លួងដែលជាឧរង្គសត្វនិមិត្តរូបរបស់កម្ពុជាឡើយ។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានបន្តថា កូនអណ្ដើកហ្លួងទាំងអស់ ត្រូវបានក្រុមការងារអភិរក្សដឹកជញ្ជូនយកទៅថែទាំក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មុននឹងលែងចូលទៅទីជម្រកធម្មជាតិវិញ។ ការថែទាំក្នុងមជ្ឈមណ្ឌលនេះគឺដើម្បីធានាថាកូនអណ្តើកហ្លួងអាចមានលទ្ធភាពរស់រានបានល្អប្រសើរបន្ទាប់ពីត្រូវបានលែងចូលទីជម្រកធម្មជាតិវិញ។
ការរកឃើញសម្បុកនិងការទទួលបានកូនញាស់ដោយជោគជ័យក្នុងរដូវកាលពងកូនរបស់អណ្តើកហ្លួងនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល អង្គការ WCS អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ អភិរក្សទីជម្រកនិងឆ្នេរពងកូន ការទប់ស្កាត់បទល្មើសនានាតាមដងព្រែក ជាពិសេសការបូមខ្សាច់ និងបទល្មើសនេសាទខុសច្បាប់។

គួរបញ្ជាក់ថា អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ។
អណ្តើកហ្លួង ជាប្រភេទសត្វល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់(IUCN) ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក៕


រូបភាព៖ WCS CAMBODIA





