រៀនពីកំហុស និងចំណុចខ្សោយជំរុញឱ្យបុគ្គលរីកចម្រើនលឿន និងជោគជ័យលើការសិក្សា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពី គន្លឹះគាំទ្រការអប់រំថា បុគ្គលរៀនពីកំហុសខ្លួនឯង ដឹងពីចំណុចខ្សោយខ្លួន ព្រមទាំងខិតខំកែលម្អចំណេះដឹងផ្ទាល់ខ្លួនជាបន្តបន្ទាប់ នឹងនាំឱ្យបុគ្គលរីកចម្រើនលឿន និងជោគជ័យលើការសិក្សា ។

ការលើកឡើងដោយស្វាហាប់ នៅក្នុងវេទិការអប់រំប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញចេតនាគាំទ្រយ៉ាងប្រាកដដល់និស្សិតកម្រិតឧត្តមសិក្សាទាំងអស់ ត្រូវតែពិនិត្យនិងបន្តអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ឆ្លើយតបនឹងការរីកចម្រើនវិស័យអប់រំជាសកល និងគោលនយោបាយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ៖ “រៀនពីកំហុសខ្លួនឯង យល់អំពីចំណុចខ្សោយខ្លួនឯង ហើយខិតខំកែសម្រួលនិងអភិវឌ្ឍ (សមត្ថភាព) បន្តបន្ទាប់មិនឈប់ នោះនឹងនាំទៅដល់ភាពជោគជ័យយ”។

ភ្លាមៗនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ប្រសិនបើបុគ្គលគ្មានឆន្ទៈ និងមិនទទួ​ល​ស្គាល់ចំណុចខ្សោយខ្លួនឯងទេ ទោះបីបង្រៀនយ៉ាងណាក៏បុគ្គលមិនអាចអភិវឌ្ឍសមត្ថភាពខ្លួនបានដែរ ។ ទន្ទឹមគ្នានេះ ការរៀនសូត្រដោ​យ​ខ្លួនឯង អាចធ្វើបាននៅគ្រប់កន្លែង គ្រប់ពេលវេលា និងរៀនពីមនុស្សជុំវិញ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការចេះដាក់ខ្លួនដោយធ្វើជាមនុស្សល្ងង់ នឹងនាំឱ្យមនុស្សរៀនសូត្រចេះកាន់តែច្រើន ។ បន្ថែមពីនេះ ក៏ត្រូវចេះលើកទឹកចិត្តដល់ខ្លួនឯង ។ ការលើកទឹកចិត្តខ្លួនឯង ជាគន្លឹះសំខាន់នាំឱ្យមនុស្សមិនបាក់ទឹកចិត្តកំឡុងពេលអភិវឌ្ឍសមត្ថភាព ។

គួរបញ្ជាក់ថា ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺស្របនឹងសកម្មភាពពង្រឹងគុណភាពអប់រំកម្រិតឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបនឹងយុគសម័យថ្មីនៃឧស្សាហកម្ម៤.០ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី១ ការអភិវឌ្ឍន៍មូលធនមនុស្ស និងមុំទី៥ ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ។

ជាការកត់សម្គាល់ សកម្មភាពកំណែទម្រង់ឧត្តមសិក្សាចំនួន ៧សំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តសកម្មភាព រួមមាន ការបង្កើ់តមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា, ការពង្រឹងប្រសិទ្ធភាពរៀន និងបង្រៀន, ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា, និងការបង្កើនវត្តមាននិស្សិតឱ្យចូលរៀន និងបរិយាបន្នជាដើម ៕

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment