កម្ពុជា​កំពុង​វិនិយោគ​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បីប្រែ​ក្លាយ​ជាប្រទេស​អ្នកមាន​នៅឆ្នាំ២០​៥០

កម្ពុជា នឹងមិនអាចសម្រេចគោលដៅក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០ បាននោះទេ ប្រសិនបើធនធានមនុស្ស មិនមានចំណេះដឹងសមត្ថភាពជំនាញ មិនមានសុខភាពល្អ និងមិនមានសមត្ថភាពចូលរួមក្នុងការកសាងមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដោយផ្អែកលើចំណេះដឹង ។ ការណ៍នេះ ទើបរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងវិនិយោគលើធនធានមនុស្ស តាមរយៈដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ដើម្បីបង្កើនគុណភាពអប់រំជាដើម ។

នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា កាលពីនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា៖

មិនមែនជាការចៃដន្យនោះទេ ដែលយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្ស ជាអាទិភាពខ្ពស់បំផុត។ មនុស្សគឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង ដូច្នេះហើយការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តោតលើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់ប្រទេសចំណូលមធ្យម នៅក្នុងដំណើរការដ៏វែងឆ្ងាយរបស់យើង ឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដើម្បីសម្រេចបានធនធានមនុស្សដែលមានសមត្ថភាពជំនាញ ស្ថាប័នឧត្តមសិក្សា ជាដៃគូដ៏សំខាន់មិនអាចខ្វះបាន របស់រាជរដ្ឋាភិបាល ហើយជាក់ស្តែង សាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា ដែលជាឧត្តមសិក្សារបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន ទាក់ទងនឹងការចូលរួមចែករំលែកបទពិសោធន៍នៅក្នុងការកសាងសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿនដោយផ្អែកលើចំណេះដឹងនិងជំនាញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ បានប្រកាសឲ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលមានអាទិភាពគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេក​​វិ​ទ្យា​» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គម​កម្ពុ​ជា​។ ការសម្លឹង​ទៅមុខ ២៥ឆ្នាំ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាបានដាក់គោលដៅក្លាយជាអរិយប្រទេសមួយ ដែលមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់រឹងមាំ , ប្រជាជនមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត និងទទួលបានការគាំពារសង្គម ប្រកបដោយសមធម៌៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment