អាជ្ញាធរប្តេជ្ញាពង្រឹងកា​រ​​​គ្រប់គ្រង​អនាម័យ​នៅតំបន់​ជាយ​ក្រុង ក្រោយភ្នំពេញ​ទទួលបានODF+

ក្រោយការប្រកាសទទួលបានជ័យលាភីជារាជធានី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកា​ស​ប្តេជ្ញាពង្រឹងការគ្រប់គ្រងអនាម័យនៅតាមខ្នងផ្ទះ ជាពិសេនៅតំបន់ជាយក្រុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០​៣០ ។

បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានប្តេជ្ញាពង្រីកសេវាគ្របដណ្តប់ប្រព័ន្ធលូមេ ឲ្យបាន៨០ទៅ៩០ភាគរយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ,បង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ មុនបញ្ជូលទៅក្នុងប្រភពទឹកធម្មជាតិ និងជំរុញការផ្តល់ទឹកស្អាត អគ្គិសនីឱ្យកាន់តែមានស្ថិភាពនិងទូលំទូលាយថែមទៀត។

ជាមួយនឹងការប្តេជ្ញាចិត្តរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ មានរាជធានី និងខេត្តចំនួន១២ហើយ ដែលសម្រេចបានជារាជធានី ខេត្ត ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ក្នុងនោះរួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនៈគីរី សៀមរាប ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ។ ក្រសួង ក៏បានដាក់ចេញជាផែនការនៅឆ្នាំ២០២៤និងសម្រេចអោយបាន២ខេត្តទៀត នោះគឺខេត្តតាកែវនិងខេត្តស្ទឹងត្រែង ដែលនឹងទៅទទួលពានជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ដែលនឹងកើនដល់១៤ ក្នុងចំណោម២៥រាជធានី ខេត្ត នៅទូទាំងប្រទេស។

មកដល់ពេលនេះ អត្រាគ្រប់ដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសបានប្រមាណ៨៨,៨% ពោល គឺអត្រាគ្រប់ដណ្តប់ទឹកស្អាត ស្មើនិង៨៦%និងអត្រាគ្រប់ដណ្តប់អនាម័យនៅទូទាំងប្រទេសមានចំនួន៩១% ហើយនៅក្នុងឆ្នាំ២០៣០ខាងមុខ នឹងត្រូវសម្រេចអត្រាគ្រប់ដណ្តប់អោយបាន១០០%៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment