សុខុដុមនីយកម្ម ការទំនាក់ទំនងសហការរួមគ្នាជាធ្លុងមួយក្នុងការកសាងអំពើល្អខាងសាសនា គឺជាការបណ្តុះនូវពុទ្ធិ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ជាពិសេសគឺ ការអប់រំបញ្ញាស្មារតី គុណធម៌ និងសីលធម៌របស់ប្រជាជន ក្នុងបរិបទសម័យកាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនជាសកល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងទិវាជាតិអន្តរសាសនាក្រោមប្រធានបទ «ការអប់រំសីលធម៌ តាមវិស័យសាសនា បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ភាពសុខុដុមរមនានៃសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្តសាសនាបានបង្ហាញអំពីមោទកភាពជាតិខ្មែរ។
ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា ការអប់រំកាយ វាចា ចិត្ត និងបញ្ញាស្មារតីតាមបែបសាសនា ពិតជាមានសារៈសំខាន់ដែលអាចជួយឱ្យប្រជាជនបានយល់ដឹងអំពីគុណ និងទោស បុណ្យ និងបាប កុសលនិងអកុសល មានហេតុ មានផល អ្វីដែលគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្ត ហើយមានការព្យាយាមប្រព្រឹត្តខ្លួនឱ្យល្អទៅក្នុងសេចក្តីសុខជាប្រក្រតី គឺការរស់នៅប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ចេះគោរពអោយតម្លៃគ្នា មិនតាំងចេតនាបំផ្លាញគ្នា មានសាមគ្គីភាពជាមួយគ្នា ចេះជួយយកអាសារគ្នា មានស្មារតីនឹងនរ រឹងមាំ និងមិនលង់តាមកលល្បិចបោកបញ្ឆោតតាមគ្រប់រូបភាព៕





