អភិបាលរាជធានីភ្នំពេញ ដាក់បណ្ណាល័យចល័តនៅផ្លូវថ្មើរជើង ដើម្បីបំផុសទម្លាប់អានសៀវភៅដល់កូនខ្មែរ

បន្ទាប់ពីបើកដំណើរការសាកល្បងបាន២សប្តាហ៍កន្លងមក នៅក្នុងសប្តាហ៍ទី៣នេះ ពោលគឺនៅសៅរ៍ និងថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៥ ផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ដើម្បីបម្រើអារម្មណ៍អ្នកមកលេងកម្សាន្ត។ ក្នុងនោះអ្វីដែលញគេចាប់អារម្មណ៍ គឺអាជ្ញាធររាជធានីភ្នំពេញ បានដាក់បណ្ណាល័យចល័ត ដើម្បីឲ្យយុវជន និងកុមារ មានឱកាសអានសៀវភៅ នៅពេលទៅលេងកម្សាន្តផងដែរ ។

បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យមានដាក់បណ្ណាល័យចល័ត នេះ គឺក្នុងគោលបំណងបំផុស និងជំរុញទម្លាប់អានសៀវភៅដល់យុវជន និងកុមារ ដើម្បីបង្កើនចំណេះដឹងបន្ថែម តាមរយៈការអានសៀវភៅ ។

ជាមួយគ្នានេះ សម្រាប់ផ្លូវថ្មើជើង (Walk Street) នាសប្តាហ៍ទី៣ ខែកុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធារណជន។ ។ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្តង់ទំនិញ និងការកម្សាន្តទាំងនោះរួមមាន ការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែង សិល្បៈ បណ្ណាល័យចល័ត
កន្លែងគូរគំនូរ ការសម្តែងតន្ត្រីបុរាណ ជាដើម។

ទន្ទឹមនឹងនេះ រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសម្រេចរៀបចំកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងចំនួន ៣ខ្សែ ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង ចាប់ពីចុងសប្តាហ៍នេះតទៅ។ បន្ថែមពីនេះសមាគមត្រីចក្រយានកម្ពុជា ក៏បានរៀបចំដាក់ស៊ីក្លូក្នុងមួយថ្ងៃចំនួន ១០គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដោយបានកំណត់គោលដៅឈរជើងរៀងៗខ្លួន។

គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ។ ការសាកល្បងនេះ គឺត្រូវអនុវត្តន៍មួយសប្ដាហ៍២ថ្ងៃ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment