ឯកឧត្តម អ៊ាង សុផល្លែត ៖ការដាំដើមឈើ ក៏ជា​ការដាក់​ទុនមួយក្នុងកា​រទប់ស្កាត់ការ​ប្រែប្រួលអាកាសធាតុ និងលើកកម្ពស់​អព្យាក្រឹតកាបូន

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន។ ការថ្លែងបែបនេះបានធ្វើឡើងនៅពិធីបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើ ថ្នាក់តំបន់លើទំហំដីជាង៣ហិកតា ក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងបន្តថា ថ្នាលបណ្តុះកូនឈើ ដែលចាប់ផ្តើមសាងសង់នាពេលនេះ ជាការរួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើដាំឱ្ហបានច្រើន ក៏ដូចជាជួយថែរក្សា និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងខ្យល់សម្រាប់ដកដង្ហើម។

គួរបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតាក្នុងខេត្តត្បូងឃ្មុំ មានសមត្ថភាពបណ្តុះកូនឈើបានជាង១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើនពោល គឺបង្កើ​ន​គម្របព្រៃតាមផែនការរបស់រាជរដ្ឋាភិបាលចំនួន ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០​៥០។ ជាមួយគ្នានេះ កម្ពុជាបានប្ដេជ្ញាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤១,៧% ស្មើនឹង ៦៤,៦ លានតោន សមមូលកាបូនក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment