រាជរដ្ឋាភិបាល គ្រោងនឹងពង្រាយមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់បន្ថែមទៀតនៅឆ្នាំ២០២៥ ទៅតាមបណ្ដាខេត្តគោលដៅ ដើម្បីពន្លឿនការជួយលើការងារបច្ចេកទេស និងជួយដោះស្រាបញ្ហាដល់កសិករ ខណៈដែលតាមផែនការចាស់មានត្រឹមតែ៨០០នាក់ប៉ុណ្ណោះ។ នេះជាការគូសបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រៅពីការងារពង្រាយមន្ត្រីកសិកម្មឃុំ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន និងកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ហើយកម្មវិធីទាំងនេះ កំពុងអនុវត្តយ៉ាងសកម្ម ដើម្បីឆ្លើយតបបន្ទាន់ទៅ តម្រូវការនឹងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ។
គួរបញ្ជក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានដាក់ចេញនូវគោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន១,៦០០នាក់ ក្នុងបេសកម្មធ្វើការបម្រើកសិករ ១.៦លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧.៥លាននាក់ នៅគ្រប់ឃុំទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ មន្ត្រីកសិកម្មនេះ មានតួនាទីក្នុងការជួយគាំទ្រ លើការងារបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហា ពាក់ព័ន្ធការងារកសិកម្ម ការណែនាំពីរបៀបប្រើប្រាស់ទឹក ដើម្បីឲ្យសមស្របនឹងប្រភេទដំណាំ ដែលកសិករបានដាំដុះ។
រហូតមកទល់នឹងពេលនេះ មន្ត្រីបច្ចេកទេសកសិកម្មចំនួន ២៥០នាក់ បានប្រឡងជ្រើសរើសនិងបានដាក់ពង្រាយនៅតាមឃុំគោលដៅចំនួន ២៥០ ឃុំ នៅក្នុងស្រុកចំនួន ៨៩ ក្នុងខេត្តចំនួន ១៧ រួចហើយ៕





