ទិវាជាតិអាហារូបត្ថម្ភ សម្តេចនាយករដ្ឋមន្ត្រី ណែនាំដល់ក្រសួងជំនាញ​ឲ្យកែលម្អ​គុណ​ភាព និងសុវត្ថិភាពផ​លិតផលកសិកម្ម ដើម្បីសន្តិសុខស្បៀងនិ​ងអាហារូ​បត្ថម្ភរបស់​ប្រជាជន

ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វ​ផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

ក្នុងសារលិខិត ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១១ នាថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈការស្រាវជ្រាវនិងផ្សព្វផ្សាយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នន័យស្តីពីការដាំដុះ និងការពារផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិង អាហារូបត្ថម្ភរបស់ប្រជាជន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ជំរុញឲ្យ ត្រូវបន្តធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ ផលិតភាព ពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំ ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ។

ជាមួយគ្នានេះ សម្រាបគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យ បន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀង ការផ្តល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែ សម្រាប់ស្ដារការដាំដុះឡើងវិញក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើន ប្រាក់ចំណូល និងប្រាក់សន្សំ។

ជាពិសេស ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី ខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន ដើម្បីបរិភោគ ។

គួរបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយក ប្រធានបទ “អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន” ស្របពេលដែលអង្គការសហប្រជាជាតិ នឹងរៀបចំសន្និសីទកំពូលស្តីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ។

តាមលទ្ធផលនៃការអង្កេត ប្រជាសាស្ត្រនិងសុខភាពកម្ពុជាចាប់ពី ឆ្នាំ២០០០ ដល់ឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី៥០ភាគរយមកត្រឹម ២១,៩០ភាគរយ, អត្រាស្គមស្គាំងបានធ្លាក់ចុះពី១៧ភាគរយ មកត្រឹម៩,៦០ភាគរយ, អត្រាកុមារមិនគ្រប់ទម្ងន់ បានធ្លាក់ចុះពី ៣៩ភាគរយ មកត្រឹម១៦ភាគរយ ហើយអត្រា មិនគ្រប់ទម្ងន់របស់ស្ត្រីក្នុងវ័យបន្តពូជ ក៏បានធ្លាក់ចុះពី២០,៦០ភាគរយ មកត្រឹម១០,៥៥ភាគរយ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment