កម្ពុជាបានជ្រើសរើសយកយន្តការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ តាមយន្តការការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោកតាមច្បាប់អន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ ប៉ុន្ដែផ្ទុយទៅវិញកម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជា និងថៃ នឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងដែលអនុលោកតាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា UNCLOS (United Nations Convention on the Law of the Sea) គឺជាអនុសញ្ញាអន្តរជាតិដ៏សំខាន់មួយ ដែលកំណត់ច្បាប់សមុទ្រសកល ដើម្បីកំណត់តំបន់សមុទ្រ (territorial sea, EEZ…) កំណត់សិទ្ធិ និងកាតព្វកិច្ចរដ្ឋលើសមុទ្រ គ្រប់គ្រងធនធានសមុទ្រ និងបាតសមុទ្រ ការពារបរិស្ថានសមុទ្រ ដោះស្រាយវិវាទដោយសន្តិវិធី។ អនុសញ្ញានេះមានគោលបំណងធំក្នុងការរក្សាសន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍសកលតាមរយៈការគ្រប់គ្រងសមុទ្រ៕





