អភិបាលខេត្តយូណាន សន្យាពិនិត្យលទ្ធភាព​ផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា

បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសចិនភ្លាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្មាំ២០២៤។

នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Wang Yubo បានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនថែមទៀត ដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន ។ ការសន្យាបែបនេះបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តម Wang Yubo បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ទន្ទឹមគ្នានេះ ឯកឧត្តម និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប។

ក្នុងឳកាសនៃជំនួបនេះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាលម៉ាស៊ីនមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ជាមួយគ្នានេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការ រវាងតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណាន ជួបប្រជុំបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

គួរបញ្ជាក់ថា នៅក្នុងជំនួបនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិបាលខេត្ត ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ព្រមទាំងទេសចរណ៍ ជាដើម។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment