ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បច្ចុប្បន្ននេះ មានការលេចចេញនូវបទល្មើសថ្មី ឬក៏ឧក្រិដ្ឋកម្មថ្មី នៅក្នុងប្រព័ន្ធអ៊ីនធឺណិត នោះគេហៅថាជា Cyber Bullying។ Cyber Bullying នេះគឺជាការប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីបំពារបំពាន ឬក៏ដើម្បីវាយប្រហារ ធ្វើទុកបុកម្នេញ ទៅលើបុគ្គល ដូចជាការទៅបញ្ចេញមតិ លើបណ្តាញសង្គម ដោយវាយបំបាក់ស្មារតី ធ្វើឱ្យម្នាក់ហ្នឹងគឺបាក់ទឹកចិត្ត បាត់ស្មារតី ហើយអាចឈានទៅអត្តឃាតក៏មាន។
ការពន្យល់នេះ បានធ្វើឡើងនៅក្នុងសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។





