អង្ករក្រអូបប្រណិតកម្ពុជាម៉ាក«ម្លិះអង្គរ» បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយ វិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាម៉េរិក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអបអរសាទរដល់ប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏បានថ្លែងអំណរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។ អង្ករម៉ាក “ម្លិះអង្គរ” ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក ជាលើកទី៦ នេះផងដែរ៕






