«វិថីតេជោសន្តិភាពឆ្នេរអង្កោល»ដែលជាខ្សែផ្លូវលាតសន្ធឹងប្របតាមមាត់ឆ្នេរសមុទ្រប្រមាណជាង១២គីឡូម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
វិថីមួយខ្សែនេះ បានចំណាយថវិកាសាងសង់ប្រមាណ ១០លានដុល្លាអាមេរិក ជាកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថិតនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២។ រីឯរយៈពេលសាងសង់ គឺប្រើប្រាស់ពេលវេលា ២៤ខែ គឺចាប់ពីខែមករា ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៤ ។
ថ្លែងក្នុងពិធីសម្ពោធនៅព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លូវមិនមែនតែបម្រើសម្រាប់តែវិស័យទេសចរណ៍នោះទេ ផ្លូវនេះក៏ជាផ្លូវតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀត បម្រើដល់ការធ្វើដំណើរប្រចាំថ្ងៃផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្នវិថីនេះកំពុងជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រមាណជាង ៦០០០គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ បានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរមាត់សមុទ្រទាំងមូលឱ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើង បន្ថែមទៀត។
លើសពីនេះ វិថីនេះក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាតិ-អន្តរជាតិនានា។
គួរបញ្ជាក់ថា វិថីតេជោសន្តិភាពឆ្នេរអង្កោល មានប្រវែងជាង១២គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត លេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត ព្រំដែនកម្ពុជា- វៀតណាម៕








