«វិទ្យាស្ថានម៉ក់ជី នៃរាជបណ្ឌិត្យសភាកម្ពុជា» ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាលៀន របស់ចិន ក្នុងគោលបំណងបណ្ដុះបណ្ដាលលើមុខជំនាញ បច្ចេកវិទ្យា កុំព្យូទ័រ បញ្ញាសិប្បនិមិត្ត ដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុនដែលវិនិយោគពីចិន ដែលត្រូវការធនធានមនុស្សក្នុងជំនាញទាំងនេះ។ ពិធីសម្ពោធស្លាក«វិទ្យាស្ថានម៉ក់ជី នៃរាជបណ្ឌិត្យសភាកម្ពុជា» បានធ្វើឡើងជាផ្លូវការនៅក្នុងអគារខេមវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងពិធីសម្ពោធស្លាកវិទ្យាស្ថាននាព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវិស័យបច្ចេកវិទ្យានេះជា ការត្រួសត្រាយផ្លូវ សម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្សេងៗបន្ថែមទៀត ក្នុងវិស័យបច្ចេកវិទ្យា ហើយវិទ្យាស្ថាននឹងប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ខិតខំបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យកាន់តែច្រើន រួមចំណែកកាត់បន្ថយអនក្ខរជនផ្នែកកុំព្យូទ័រជាអតិបរមា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា បច្ចេកវិទ្យា គឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ ហើយបច្ចេកវិទ្យាអាចមានភាពទំនើប ជឿនលឿន ក៏មិនអាចខ្វះបាននូវធនធានមនុស្សក្នុងវិស័យនេះផងដែរ ។ នាសម័យបច្ចុប្បន្ននេះ អនក្ខរជនផ្នែកបច្ចេកវិទ្យា ក៏ពិបាកនឹងដើរទាន់សម័យកាលផងដែរ។ ការបង្កើត វិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា »ជាការរួមចំណែកមួយ សម្រាប់សង្គមកម្ពុជា ក្នុងការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកកុំព្យូទ័រដល់សិក្ខាកាមដែលចេះភាសាចិន។
ជាមួយគ្នានេះ លោក យ៉ាង យៀកឈាន (YANG YUEQUAN) នាយក និងជាលេខាបក្ស នៃវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈតាលៀន ក៏បានគូសបញ្ជាក់ថា វិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សានៃប្រទេសកម្ពុជា-ចិន និងសហគ្រាស រឹតតែសក្ខីភាពនៃការធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពកម្ពុជា-ចិន។
លោក ក៏បានបង្ហាញ ជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈតាលៀន រាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនស៊ូ សាង និងក្រុមហ៊ុនស៊ីនយៀកដា ប្រាកដជាអាចធ្វើឱ្យ “វិទ្យាស្ថានម៉ក់ជឺ” នេះ ក្លាយជាគម្រោងគំរូ ក្នុងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សានិងសហគ្រាសនៅបរទេស ដើម្បីជំរុញការបើកចំហររបស់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តលីវនីង ទៅកាន់បរទេស និងដើម្បីជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានិងចិន។
គួរបញ្ជាក់ថា “វិទ្យាស្ថានម៉ក់ជឺ” គឺជានាមបណ្ណអប់រំវិជ្ជាជីវៈអន្ដរជាតិ របស់ខេត្តលីវនីង នៃប្រទេសចិន ដែលផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ធនធានបច្ចេកទេស ក្រោមក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ”។ សម្រាប់«វិទ្យាស្ថានម៉ក់ជី នៃរាជបណ្ឌិត្យសភាកម្ពុជា» មានទីតាំងក្នុងបរិវេណ រាជបណ្ឌិត្យសភាកម្ពុជា ។ តាមរយៈការបណ្ដុះបណ្ដាល ភាសាចិននិងវិជ្ជាជីវៈ វិទ្យានឹងអាចបំពេញតម្រូវការធនធានមនុស្ស សម្រាប់សហគ្រាស ក៏ដូចជាលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ក្នុងតំបន់ផងដែរ៕





