សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ លោក Chris Larsen) នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និង លោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក Chris Larsen បានបង្ហាញបំណងបើកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។
លោក Chris Larsen បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលេីគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឳកាសនៃជំនួបនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន ដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុននេះ គឺស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត។





