រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់

តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់ ខណៈខេត្ត​ព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ៤លាននាក់ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់​ទាំងអស់គ្នា» នៅទីលានសម្តេចតេជោក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ហួត ហាក់ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធនាមថា ជាមាសបៃតងក្នុងការចូលរួម​ចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បុបែប ។ លើសពីនេះវិស័យទេសចរណ៍ គឺជាបន្ទល់សេដ្ឋកិច្ចមួយសំខាន់ ក្នុងនោះបានចូលរួមចំណែក​ប្រមាណជា ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

គួរបញ្ជាក់ថា​ វិស័យទេសចរណ៍នៅកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមាន ខណៈដែលភ្ញៀវទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៤ មានប្រមាណជាង៦លាន ៧សែននាក់ ។ ចំនួននេះគឺកើនប្រមាណ១,៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩ ដែលមានប្រមាណ៦លាន ៦សែននាក់៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment