រាជធានីភ្នំពេញ នឹងសាកល្បងយកតីរវិថីព្រះស៊ីសុវិត្ថ ធ្វើជាផ្លូវថ្មើរជើងសម្រាប់អ្នកទេសចរ រៀងរាល់ចុងសប្តាហ៍

ផ្លូវ​ថ្មើរជើង (Walk Street) តាម​បណ្ដោយ​តីរវិថីព្រះស៊ីសុវិត្ថ ចាប់​ពីមុខ​ប្រៃសណីយ៍​កម្ពុជា រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ នឹងត្រូវដាក់ឲ្យដំណើរការសាកល្បង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។  ផ្លូវ​ថ្មើរជើងនេះ នឹងត្រូវបិទចរាចរណ៍មិនឲ្យយានជំនិះគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ​ពោលគឺបើកឲ្យតែអ្នកដំណើរថ្មើរជើងប៉ុណ្ណោះ ដោយ​ដំណើរ​ការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការបើកដំណើរ​សាកល្បង​នៃ​គម្រោង​ផ្លូវ​ថ្មើរ​ជើង​ ដែលការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងអាជ្ញាធរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងផ្លូវថ្មើរជើងនេះ ត្រូវតែចេញដំណើរឲ្យលេចរូបរាងឡើងនៅថ្ងៃទី០១ កុម្ភៈ ខាងមុខនេះ ។ ផ្លូវថ្មើជើងនេះ គឺអាជ្ញាធរបានគ្រោងអនុវត្តន៍តំាងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារជំងឺកូវីដ១៩ ធ្វើឲ្យគម្រោងមួយនេះ មិនអាចលេចចេញជារូបរាងឡើង។

 

ឯកឧត្ដម ឃួង ស្រេង បានបន្តថា មកដល់ពេលនេះ បន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាល លើការជំរុញទាក់ទាញភ្ញៀវទេសចរ អាជ្ញាធររាជធានីភ្នំពេញ បានគិតគូជំរុញការងារផ្លូវថ្មើរជើងនេះឲ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ជាជំហានដំបូង នឹងប្រកា​សបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបជាចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យ បានល្អដែលធានាថា គម្រោងនេះនឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ផ្លូវ​ថ្មើរជើង ដែលអាជ្ញាធរគ្រោងដាក់សាកល្បងនៅរាជធានីភ្នំពេញ ក៏កំពុងមានដែរ នៅខេត្តសៀមរាប និង ខេត្តបាត់បង ដែលកំពុងក្លាយជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត ។​ក្រោយ​ពី​បើកដំណើរការសាកល្បង អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការអង្កេត និងដកបទពិសោធន៍ ដើម្បីកែលម្អផ្លូវថ្មើជើង(Walk street) នេះឲ្យកាន់តែល្អប្រសើរថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment