កម្ពុជា ជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អនៅលើពិភពលោក ក្នុងឆ្នាំ២០២៦

ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១នៅលើពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ស្ទង់មតិ និងចាត់ចំណាត់ថ្នាក់សកលដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថានបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ចាត់ទុកចំណាត់ថ្នាក់នេះថា ជាកិត្តិយសសម្រាប់ប្រជាជននិងប្រទេសកម្ពុជា ចំពោះភាពជោគជ័យនៃវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ ហើយវាបានឆ្លុះបញ្ចាំងពីការដឹកនាំ ការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តវេនដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលក្នុងនោះ វិស័យការពារបរិស្ថាន និងធនធានធម្មជាតិនៅតែជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។

គួរកត់សម្គាល់ថា ថ្នាក់ដឹកនាំកម្ពុជាជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ដឹកនាំ និងតម្រង់ទិស ក្នុងការជំរុញកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបង្កើតបានសមិទ្ធផលថ្មីៗជាច្រើនលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលធ្វើឱ្យការងារនេះទទួលបានជោគជ័យជាបន្តបន្ទាប់។ ជាក់ស្តែង នៅរាល់ជំនួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាចំណុះរដ្ឋបាលខេត្ត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីតែងតែរម្លឹកឱ្យមន្ត្រីមូលដ្ឋានបន្តថែរក្សាការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគង់វង្ស ខណៈដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី តែងផ្តល់អាទិភាពដល់បរិស្ថានធម្មជាតិសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយផាសុកភាព។

របាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រទេសកម្ពុជាដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក ក៏ជាសារមួយច្បាស់លាស់ចំពោះក្រុមដែលតែងតែយកបញ្ហាបរិស្ថានមកធ្វើជារបៀបវារៈ នយោបាយដើម្បីវាយប្រហារ រាជរដ្ឋាភិបាល ដោយមើលរំលងទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបរិស្ថានធម្មជាតិ តាមរយៈការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍ និងអភិរក្សដែលជាចំណុចសំខាន់មួយ នៃគោលនយោបាយដឹកនាំប្រទេស តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាក់ស្តែង នៅក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់នៃ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក៏មាននិយាយពីតុល្យភាពរវាងការអភិវឌ្ឍន៍ និងការអភិរក្សបរិស្ថានធម្មជាតិដើម្បីធ្វើឱ្យសង្គមកម្ពុជាជាសង្គមដែលប្រជាពលរដ្ឋរស់នៅប្រកបដោយផាសុកភាព។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment