ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍និងសួរសុខទុក្ខដល់ជនភៀសសឹកនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន នៅវេលាម៉ោង ០៩និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញជាដើម។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនអាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់​វែងខ័ណ្ឌ​សីមាដោយ​គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាត​ឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការ​កែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការ​ប្រើប្រាស់កម្លាំងនោះឡើយ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment