អគ្គលេខាធិការអង្គការសហប្រជាជាតិ សរសើរកម្ពុជា ថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ។ នេះបើតាមការសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ United Nations in Cambodia កាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។
ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ អង្គការសហប្រជាជាតិ បានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជា បានចូលរួមបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ ។
ជំនាញរបស់កងកម្លាំងទ័ពមួកខៀវកម្ពុជា នៅតំបន់បេសកកម្ម រួមមាន ជំនាញបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុ ជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធាជាដើម៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment