កម្ពុជា​ចែកបទពិសោធន៍​ប្រើប្រាស់​ប្រព័ន្ធសុខាភិបា​ល​ឌីជីថល​​​ដែលបង្កើតដោយកូនខ្មែរ​ដ​ល់ប្រ​តិភូរដ្ឋាភិបាលនិងពាណិជ្ជករ​ឡាវ

មន្ទីរពេទ្យកុមារជាតិ បានចែករំលែកបទពិសោធន៍និងភាពជោគជ័យនៃប្រើកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឌីជីថលពេទ្យយើង ដែលបង្កើតឡើងដោយកូនខ្មែរ ដល់ទៅប្រតិភូរដ្ឋាភិបាលនិងពាណិជ្ជករឡាវ។ ដំណើរទស្សនកិច្ចសិក្សា និងស្វែងយល់អំពីប្រព័ន្ធសុខាភិបាលឌីជីថលនៅមន្ទីរពេទ្យកុមារជាតិ របស់ប្រតិភូរដ្ឋាភិបាលនិងពាណិជ្ជករឡាវ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានចែករំលែកបទពិសោធន៍លើការប្រើ កម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឌីជីថល ពេទ្យយើង ដែលជួយផ្លាស់ប្តូរប្រតិបត្តិការនិងសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យទាំងមូល ដោយអ្នកជំងឺ ដែលមកព្យាបាលទទួលបានកំណត់ត្រាឌីជីថល អាចរក្សាទុកបែបឌីជីថលលើស្មាតហ្វូន ទទួលបានសាររំលឹកត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតវិញ ជាដើម។

បន្ទាប់ពីទទួលបានការចែករំលែកអំពីប្រព័ន្ធសុខាភិបាលឌីជីថលរបស់មន្ទីរពេទ្យកុមារជាតិ លោកស្រី Thiphaphone Phetmany នៃក្រុមហ៊ុនប្រឹក្សាយោបល់ Enterprise and Development Cons​ultants (EDC) ប្រចាំប្រទេសឡាវ បានបង្ហាញក្តីសប្បាយរីករាយ ចំពោះការទទួលស្វាគមន៍របស់មន្ទីរពេទ្យកុមារជាតិ ។ ក្រុមគណប្រតិភូ បានបញ្ជាក់ថា សម្រាប់ដំណើរទសន្សកិច្ចនៅថ្ងៃនេះ គឺទទួលបានបទពិសោធ​ន៍​​ជាច្រើនលើដំណោះស្រាយឌីជីថលក្នុងវិស័យសុខាភិបាល ហើយពេលត្រឡប់ទៅកាន់ប្រទេសឡាវវិញ គណប្រតិភូនឹងចែករំលែកបទពិសោធន៍ល្អៗទាំងនេះទៅក្នុងវិស័យសុខាភិបាលឡាវផងដែរ។

ជាមួយគ្នានេះ លោកស្រី ប៉ុង លីមសាន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យយើង បានបញ្ជាក់ដោយមោទនភាពថា ប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង ត្រូវបានដាក់ឱ្យប្រើប្រាស់ហើយកំពុងចូលរួមផ្លាស់ប្តូរប្រតិបត្តិការរបស់មន្ទីពេទ្យរដ្ឋ និងឯកជនរាប់រយក្នុងប្រទេសកម្ពុជា ។ ពេទ្យយើងបាននិងកំពុងជួយជាវិជ្ជមានដល់ការថែទាំសុខភាព និងជីវិតរបស់មនុស្ស តាមរយៈដំណោះស្រាយថែទាំសុខភាពឌីជិថលទំនើប។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យថ្នាក់ជាតិ ដែលបានអនុវត្តកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឌីជីថល ពេទ្យយើង ដើម្បីធ្វើផ្លាស់ប្តូរប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ និងសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យទាំងមូលប្រតិបត្តិការបែបឌីជីថលពេញលេញចាប់តាំងពីឆ្នាំ២០២២។

កម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឌីជីថល ពេទ្យយើង ជាកម្មវិធីបង្កើតឡើងដោយ កូនខ្មែរ ក្នុងទិសដៅចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដែលកំពុងតែត្រូវការបច្ចេកវិទ្យាសុខាភិបាល សម្រាប់អភិវឌ្ឍន៍បន្ថែមផ្នែកបច្ចេកវិទ្យាសុខាភិបាលឌីជីថលរបស់ខ្លួន ដើម្បីជម្រុញឲ្យមានទិន្នន័យព្យាបាលឌីជីថលសម្រាប់អ្នកជំងឺគ្រប់រូបនៅលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដ៏មានសុវត្ថិភាព។

កម្មវិធីនេះ បច្ចុប្បន្នមានប្រតិបត្តិការផ្ទាល់ និងតាមរយៈដៃគូនៅក្នុងប្រទេសចំនួន៦ រួមមានកម្ពុជា សិង្ហបុរី ឡាវ ថៃ វៀតណាម និងនៅសហរដ្ឋអាមេរិក៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment