ពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” បានបើកជាផ្លូវការនាថ្ងៃទី០៨ មីនា នេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងឆ្នាំនេះ ទិវាជាតិអំណានបាននាំមកនូវសៀវភៅរាប់ម៉ឺនក្បាល ជាមួយនឹងកំណើននៃស្តង់ពិព័រណ៍មកពីសា្ថប័នផ្សេងៗជាច្រើន ។
លោក តាន់ ដូនារ៉ាយអ៊ែន តំណាងក្រុមការងាររៀបចំពិព័រណ៍សៀវភៅ បានបញ្ជាក់ថា ពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានឆ្នាំនេះ មានស្តង់ចូលរួមជាង១០០ស្តង់ ហើយរំពឹងថា នឹងមានចំនួនអ្នកចូលរួមកើនឡើង ខណៈកាលពីឆ្នាំមុន មានអ្នកចូលរួមប្រមាណ៦ម៉ឺននាក់។
« ឆ្នាំនេះយើងរៀបចំចំនួន១១៩ស្តង់ ហើយប្លែកពីឆ្នាំមុនដោយសារឆ្នាំនេះ យើងមានដល់ទៅ៤ថ្ងៃ ដែលរាល់ដងយើងមានតែចំនួន៣ថ្ងៃ។ ការដំឡើងដល់៤ថ្ងៃ ដោយសារយើងឃើញពីកំណើនអ្នកចូលរួមគឺមានច្រើន ហើយយើងចង់លើកកម្ពស់ការអានឲ្យកាន់ទូលំទូលាយនៅក្នុងប្រទេសកម្ពុជាយើងផង» ។ នេះជាបញ្ជាក់បន្ថែមរបស់លោក តាន់ ដូនារ៉ាយអ៊ែន ។
ជាមួយគ្នានេះ លោក តាំង ហ៊ុយសេង ដែលម្ចាស់ស្តង់លក់សៀវភៅ «សំណេរ» បានបញ្ជាក់ដែរថា ឆ្នាំនេះជាឆ្នាំទី៤ហើយដែល«សំណេរ» បានចូលរួមជាមួយពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណាន ។ លោកបានកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកអាន មានការកើនឡើង ហើយសម្រាប់ស្តង់«សំណេរ» ឆ្នាំនេះ បានត្រៀមសៀវភៅចន្លោះពី៧ពាន់ទៅ៨ពាន់ក្បាល់។
គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី០៨ ដល់ទី១១ ខែមីនា ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់៨យប់។ ក្រៅពីការតាំងលក់សៀវភៅរាប់ម៉ឺនក្បាល ពិព័រណ៍សៀវភៅឆ្នាំនេះ ក៏មានសកម្មភាពជាច្រើន ដូចជា កន្លែងថតរូបស្អាតៗ ការលេងល្បែងកម្សាន្តសប្បាយៗ ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ ការប្រគំតន្រ្តី និងការបង្ហាញសមត្ថភាពសម្តែងផងដែរ៕






