សម្តេចនាយករដ្ឋមន្ត្រី៖ ​ការ​ព្យាក​រ​ណ៍​​សេដ្ឋកិច្ច​កម្ពុជា នឹង​សម្រេច​បានក្នុង​អត្រាកំណើន​៦,៣% ក្នុង​ឆ្នាំ​២០២៥

តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ៧% ក្នុងរយៈពេលមធ្យម។ នេះគឺជាគូសបញ្ជាក់របសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគប្រហែល ៦,៩ ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២៣។ ជាក់ស្តែង ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦% ពី ៤៦,៨២ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដល់ ៥៤,៧៤ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។

សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ វិនិយោគិន ទាំងបរទេស និងក្នុងស្រុក បាននិងកំពុងទទួលបានផលប្រយោជន៍ ពីបរិយាកា​សអំណោយផលដល់ប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព ដែលការណ៍នេះជួយកាត់បន្ថយហានិភ័យ បានជាអតិបរមា និងធានាបាននូវនិរន្តភាពនៃធុរកិច្ច។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញជាបណ្តើរៗ ក្នុងរយៈពេលក្រោយពីវិបត្តិជំងឺរាតត្បាត ដោយមានកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលបានព្យាករក្នុងអត្រា ៥% ក្នុងឆ្នាំ២០២៣ និង ៦% នៅឆ្នាំ ២០២៤។ វិស័យផលិតកម្ម ជាពិសេសក្នុងវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ ស្ទើរតែត្រលប់ទៅកម្រិតមុនវិបត្តិជំងឺ រាតត្បាត។ រីឯវិស័យកសិកម្ម និងទេសចរណ៍ ក៏កំពុងបង្ហាញពីនិន្នាការវិជ្ជមានផងដែរ៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment