កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារចិន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។ ពិធីចុះហត្ថលេខា បានធ្វើឡើងដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ។

ក្រៅពីចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ភាគីទាំងពីរ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័ក ដំណាំនិងបសុសត្វ និងការនាំចេញ និងនាំចូលចំណីអាហារដែលមានសុវត្ថិភាព ផងដែរ។

ការចុះពិធីសារនិងអនុស្សរណៈនៃការយោគយល់នេះ បញ្ជាក់ពីលទ្ធផលផ្លែផ្កា ផ្អែកលើគោលជំហររួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនោះភាគីទាំងពីរនឹងជំរុញការនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងធានាបាននូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

ពិធីសារលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្តការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារ SPS កំណត់លក្ខខណ្ឌ ថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន ដើម្បីធានាថារាល់កសិផលនាំចេញទាំងអស់ មិនមានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។

បើតាមក្រសួងកសិកម្ម បើគ្មានពិធីសារ SPS ទេ គឺមិនអាចនាំចេញបានទេ បើទោះបីជាមានអ្នកចាំទិញក៏ដោយ ពីព្រោះប្រទេសនាំចូលតម្រូវឱ្យមានការចុះហត្ថលេខាលើពិធីសារ SPS លើកសិផលនីមួយៗជាមុនសិន ទើបគេអនុញ្ញាតឱ្យចូលក្នុងទីផ្សាររបស់គេជាផ្លូវការបាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment