ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលដែលព្រំដែនគោក ត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។ ដោយឡែកសម្រាប់មនុស្សនិងទំនិញ ដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស ពិសេសទំនិញ គឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាសតាមព្រលានយន្តហោះ ភាគីទាំងពីរកម្ពុជា-ថៃ នៅដំណើរការជាធម្មតា។
ជាមួយគ្នានេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។»
សម្តេចបន្ថែមថា ប្រសិនបើទំនិញនោះវាសល់ពិតមែន ក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍៕





