ប្រសិនគ្មានអ្វីប្រែប្រួលនោះទេ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ រាជរដ្ឋាភិបាល នឹងទទួលពាក្យស្នើសុំពីពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ និងចង់បានដីនៅក្នុងកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះជាការគូសបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសនាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ « តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។ នៅក្នុងន័យនេះ យើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ គឺទី១.ការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួម នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មី មួយបន្ថែមទៀតដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ។ កម្មវិធីនេះ មានគោលដៅដោះសា្រយតម្រូវការរបស់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ក៏ដូចជាការចូលរួមចំណែកទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើជាដើម។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ និងផ្តល់ដីជូនប្រជាពលរដ្ឋជាដំណាក់កាល ដូចជា ផ្តល់ដីជូនពលរដ្ឋមាតុភូមិនិវត្តន៍ពីព្រំដែនកម្ពុជា ពីឆ្នាំ១៩៩១ ដល់១៩៩៣, ផ្តល់ដីជូនអតីតកងកម្លាំងខ្មែរក្រហមនៅឆ្នាំ១៩៩៨, ផ្តល់ដីរដ្ឋជូនប្រជាពលរដ្ឋតាមការអនុវត្តបទបញ្ជា០១ នៅឆ្នាំ២០១២ បានប្រមាណ៦៩ម៉ឺនក្បាលដី ស្មើប្រមាណ១លាន២សែនហិកតា,។
បន្ថែមពីនេះរដ្ឋាភិបាល ក៏បានធ្វើប្រទានកម្មដីរដ្ឋតាមរយៈសម្បទានសង្គមកិច្ច សម្រាប់អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ គ្រួសារកងទ័ព នគរបាលជាតិតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៣ ដោយបែងចែកដីសរុបបាន ១លាន៤សែនហិកតា ជូនពលរដ្ឋសរុប ៤៩ម៉ឺនគ្រួសារ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពីថ្ងៃទី២៤ ខែមករា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងដំបូង សម្រាប់ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ។ ជំហានទី១ នឹងផ្តល់ជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ដោយ ក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា។បន្ទាប់ពីជំហានទី១នេះ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល៕





