របៀបរស់នៅមានសុខភាពល្អ អាស្រ័យលើឥរិយាបថបរិភោគអំបិលតិច ខ្លាញ់តិច និងស្ករតិច

ភ្នំពេញ – លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសរសេរសារលើកទឹកចិត្តឱ្យមនុស្សមានសុខភាព ល្អ អាស្រ័យលើឥរិយាបថបរិភោគអំបិលតិច ខ្លាញ់តិច និងស្ករតិច ព្រមទាំងមានលំហាត់ប្រាណជាប្រចាំ ។ ការចែករំលែកចំណេះដឹងសុខភាព លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃអាទិត្យ ហាក់រំលឹកឱ្យ ប្រជាជនកម្ពុជាគិតគូរខ្ពស់ពីបញ្ហាសុខភាពផ្ទាល់ខ្លួន ស្រឡាញ់សុខភាព និងយកចិត្តទុកដាក់ចំពោះសុខភាព ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសរសេរថា ៖ “តើការងារនិងជីវិត ផ្ទាល់ខ្លួនមួយណាសំខាន់ជាងគេសម្រាប់យើងក្នុងការបន្ត? ការធ្វើឱ្យមាន តុល្យភាពរវាងផ្នែកទាំងពីរខាងលើ គឺពិតជាពិបាកណាស់ ដោយសារតែ មានតម្រូវការជាក់លាក់មួយចំនួនដែលយើងត្រូវបំពេញ ។ យើងមិនប្រាកដថា រយៈពេលប៉ុន្មានដែលយើងអាចសម្រេចបានជាអតិបរមានៃការ បន្តដំណើរជីវិត ដែលមានសុខភាពល្អរបស់យើង ។ ទោះជាយ៉ាងណា ក៏ដោយចូររស់នៅជាមួយអ្វីដែលយើងអាចធ្វើបាន ជាមួយនឹងការបរិភោគ អំបិលតិច ខ្លាញ់តិច និងស្ករតិច ហើយយកពេលវេលាខ្លះពីការងារប្រចាំថ្ងៃ របស់យើង ដើម្បីរីករាយនឹងអ្វីដែលយើងចង់ធ្វើ ដូចជាការហាត់ប្រាណ ច្រៀង រាំ ហែលទឹក ឬដើរកំសាន្តជាដើម ។ ដូច្នេះហើយ សូមរីករាយ ជាមួយខ្លួនយើង ដើម្បីរក្សារបៀបរស់នៅដែលមានសុខភាពល្អ” ។

សូមជម្រាបថា បើតាមការលើកឡើងរបស់អ្នកជំនាញសុខភាពសាធារណៈ បានឱ្យដឹងថា សុខភាពបុគ្គលល្អប្រសើរ និងរស់នៅមានអាយុវែង អាស្រ័យ ឱ្យមនុស្សចេះជ្រើសរើសវិធីសាស្ត្របរិភោគអាហារសុខភាព ដែលអាហារ ទាំងនោះមានប្រើប្រាស់កម្រិតតិចអំបិល តិចខ្លាញ់ តិចស្ករ ព្រមទាំងធ្វើលំ ហាត់ប្រាណផ្សេងៗ ដើម្បីលើកកម្ពស់សុខភាពផ្ទាល់ខ្លួន និងគុណភាពជីវិត៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ I Star Entertainment