លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានលើកទឹកចិត្តដល់យុវតីខ្មែរឲ្យចូលរួមធ្វើកិច្ចការសង្គមឱ្យសកម្ម ខណៈការងារសង្គម គឺជាការធ្វើការងារជាក្រុម ដែលឲ្យមនុស្សម្នាក់ៗ អាចមានឱកាសរៀនសូត្រកសាងសមត្ថភាព បណ្ដុះភាពជឿជាក់លើខ្លួនឯង ចេះសាមគ្គីគ្នា និងបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គម។
ការលើកទឹកចិត្តបស់លោកជំទាវបណ្ឌិតបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» កាលពីថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយមានមានការចូលរួមពីប្រធានសាខាសមាគមកាយប្ញទ្ធិនារីកម្ពុជាទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។
លោកជំទាវបណ្ឌិត ក៏បានលើកឡើងពីបទពិសោធ និងសារគន្លឹះសំខាន់៤នៅក្នុងវេទិកា ដែលមានខ្លឹមសារដូចជា ណែនាំយុវតីទាំងអស់មិនត្រូវធ្វើរឿងអវិជ្ជមានដល់សង្គមជាដាច់ខាត, ត្រូវខិតខំសិក្សាចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ដើម្បីធ្វើឱ្យខ្លួនមានសមត្ថភាព និងគុណភាពដើម្បីអាចជួយសង្គមជាតិបាន, ត្រូវមានគុណធម៌ សីលធម៌ និងសុជីវធម៌ថ្លៃថ្នូរ និងចែករំលែកជួយដល់អ្នកទន់ខ្សោយ, និងបណ្ដុះគំនិតត្រូវតែស្រលាញ់ជាតិព្រោះគ្មានជាតិសាសន៍ណាមកស្រលាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ។
គួរបញ្ជាក់ថា នេះគឺជាលើកទី៥ហើយ នៃការរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដែលជាកម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់សារគន្លឺះសំខាន់ៗ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ។ កម្មវិធី «បងស្រី និងប្អូនស្រី» គឺជាផ្នែកមួយនៃសកម្មភាពរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ។
ឆ្នាំនេះកម្មវិធីផ្ដោតលើប្រធានបទ «ស្រ្តី និងការងារសង្គម» ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជុំវិញពីភពលោក ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព និងភាពអង់អាចរបស់ស្រ្តី នៅទូទាំងពិភពលោក៕






